ខេត្តក្រចេះជាទីដៅដ៏ទាក់ទាញទេសចរណ៍មួយក្នុងចំណោមខេត្តស្ថិតក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា

មកដល់ខេត្តក្រចេះភ្លាម​ទេសចរពិតជានឹកឃើញដល់ទេសភាពដ៏ស្រស់ត្រកាលនៃធនធានធម្មជាតិដ៏មានសក្ដានុពល​សំបូរបែបរួមមាន÷ សត្វផ្សោតទន្លេមេគង្គដ៏កម្រ ព្រៃលិចទឹក ក៏ដូចជាកោះតូចធំនានានៅផ្នែកខាងលើ( ក្នុងភូមិសាស្ត្រស្រុកសំបូរ ) អមដោយភាពចំណាស់ដែនដីអតីតរាជធានីសម្ភុបុរៈ និងសំណង់សម័យអាណានិគមបារាំងថែមទៀតផង។
ក្នុងនោះដែរម្ហូបអាហារដ៏មានឱជារសឆ្ងុយឆ្ងាញ់​និងពេញនិយមសម្រាប់ភ្ញៀវទេសចរប្រចាំខេត្តក្រចេះមានដូចជា÷ ក្រឡាន ណែមសាច់ត្រីស្លាត ក្រូចថ្លុងកោះទ្រង់ជាដើម។
ដោយមានភាពអំណោយផលបែបនេះហើយ មន្ទីរទេសចរណ៍ខេត្តបាន និងកំពុងរៀបចំបង្កើតឲ្យមានមុខម្ហូបពិសេសៗប្រចាំខេត្តដើម្បីបង្កើនភាពទាក់ទាញ ដោយសហការជាមួយរដ្ឋបាលខេត្តរៀបចំឲ្យមានវិថីម្ហូបអាហារ។
តាមរយៈការគិតគូរនេះ មន្ទីទេសចរណ៍​ខេត្តសូមលើកយកមុខម្ហូបខ្លះៗមកបង្ហាញមានដូចជា÷ ញុំក្រូចថ្លុងកោះទ្រង់ សម្លល្វែ នុំបញ្ចុកទឹកត្រី ខ្ទប់និងក្រឡាន ដែលជាស្នាដៃសិស្សមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡឺ ទន្លេ ក្នុងវគ្គបណ្តុះបណ្តាល ហូកា នៃកម្មវិធី អភិវឌ្ឍន៍ជំនាញខេត្តក្រចេះ ឆ្នាំ២០១៩៕





Share This