រាជរដ្ឋាភិបាលកម្ពុជា បន្ដផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិតវិស័យកាត់ដេរ-ទេសចរណ៍ និងលើកទឹកចិត្តផ្នែកពន្ធ សម្រាប់រយៈពេល៣ខែថេមទៀត

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ដែលបានបម្រើការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤០ដុល្លារ ក្នុងរយៈពេល៣ខែបន្ថែមទៀត។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី «សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា» អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩, ថ្ងៃទី២៩ ខែកក្កដា ២០២១) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌ឲ្យដឹងថា ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ វិធានការចាំបាច់នានា ជាបន្តបន្ទាប់ក្នុងគោលបំណងគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។
ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចវិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍។
បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាត ឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖
* រាជរដ្ឋាភិបាលបន្ត ផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់កម្មករ និយោជិត១នាក់ ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។
* ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត១នាក់ (ជាសរុបកម្មករ-និយោជិត១នាក់ ទទួលបាន៧០ដុល្លារអាមេរិកក្នុងមួយខែ)។
* បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែជូនកម្មករ-និយោជិត១នាក់ ដែលបំពេញការងារ ក្នុងវិស័យទេសចរណ៍ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។
* សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
* បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។
អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។
* បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។
* បន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន រយៈពេល៦ខែបន្តទៀត គឺរហូតដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២១។
ការពន្យារពេលនេះ នឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវ ស្ថានភាពសង្គម សេដ្ឋកិច្ចជាក់ស្តែង៕




Share This