ទិវាពលកម្មអន្ដរជាតិ

នៅចុងសតវត្សរ៍ឆ្នាំ១៨ រហូតដល់ពាក់​កណ្ដាល​សតវត្សរ៍​ឆ្នាំ១៩ ជាយុគ​សម័យ​ដែលមាន​ការរីក​ចម្រើន​ខាងផ្នែក​ឧស្សាហកម្ម។ ចំណែក​ ឯពលករ​នៅអាមេរិក​មានការ​ចូលរួម​កាន់តែ​ច្រើនឡើង​នៅក្នុង​ចលនា​សហជីព ដើម្បី​ធ្វើការ​ចរចា​ជា​សមូហភាព​ស្វែងរក​ផល​ប្រយោជន៍​ជូនសមាជិក​របស់​ពួកគេ។ លក្ខខណ្ឌ​ការងារ​របស់កម្មករ​គឺមានសភាព​យ៉ាប់យឺន​ក្រៃលែង សុខភាព​និង​សុវត្ថិភាព​នៅកន្លែង​ធ្វើការ​មិន​អំណោយ​ផលពិសេស​អ្នកធ្វើ​ការនៅ​តាម​រោងចក្រ និងអណ្ដូងរ៉ែ ប្រាក់ឈ្នួល​ថោក ការងារ​ប្រចាំថ្ងៃ​ចាប់ពី​១០ម៉ោងទៅ១៦ម៉ោង​ជាដើម។ល។

ឆ្នាំ១៨៨២ ព្រឹត្ដិការណ៍ធំៗជាច្រើននៅក្នុងចលនា​ពលករ​អាមេរិក​កើតឡើង​ជាហូរហែ ដើម្បី​ទាមទារ​កំណត់​ស្ដង់ដារ​ការងារ។ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ១៨៨៦ កម្មករ​រាប់ម៉ឺននាក់​បានដើរ​ចេញពី​កន្លែង​ធ្វើការ​ប្រហែល​ជា១៣០០កន្លែងនៅ​ទូទាំង​សហរដ្ឋអាមេរិក ប្រារឰ​ ទិវា​ពលកម្ម​នៅក្នុង​ប្រវត្ដិសាស្ដ្រ។ ចលនាដ៏​សំខាន់​គឺកើត​ឡើងនៅ​ទីក្រុង​ឈីកាហ្គោ (Chicago) នៃរដ្ឋ​អ៊ីលីណយ (Illinois) ទាមទារ​ធ្វើការ​ មួយថ្ងៃ​ត្រឹមតែ​៨ម៉ោង។ មានកម្មករ​ប្រហែល​៤ម៉ឺននាក់​ធ្វើកូដកម្ម​ជាមួយ​អ្នក​អាណាធិបតេយ្យ​និយម​នៅក្បួន​ខាងមុខនៃក្រសែ​ភ្នែក​សាធារណៈ​ ជនបាន​ថ្លែងយ៉ាង​ម៉ឺងម៉ាត់ និងប្រកប​ដោយ​មនោគមវិជ្ជា​ប្រាប់ពី​សកម្មភាព​ត្រង់ៗ​ចារឹក​ជាបដិវត្ដន៍ អ្នក​អាណាធិបតេយ្យនិយម និង ភាពអាណាធិបតេយ្យនិយម​ត្រូវបាន​ទទួលនូវ​ការគោរ​ពពីពលករ​នានា តែធ្វើ​ឱ្យពួក​នាយទុន​ស្អប់យ៉ាង​ខ្លាំង។ ថ្ងៃបន្ទាប់មក កម្មកររាប់​រយពាន់ នាក់បាន​ចេញធ្វើ​បាតុកម្ម​ ប៉ុន្ដែនៅ​ទីក្រុង Chicago អំណាចច្បាប់ និងបទបញ្ជា​បានក្លាយ​ទៅជាការ​គាបសង្កត់​ទៅលើ​បាតុករ។ កម្មករ​នៅឯ​ ក្រុមហ៊ុន​ផលិតគ្រឿង​ម៉ាស៊ីន​សម្រាប់​កសិកម្ម​របស់​​​​​​មាកក័រ​​​​​​​​​​​​មិក​(McCormic Harvesting Machine Co.) ធ្វើ​កូដកម្ម​ទាមទារ​ឱ្យកាត់​បន្ថយ​ ចំនួន​ម៉ោង​ធ្វើការ​មក​ត្រឹមតែ​៨ម៉ោង​ក្នុង១ថ្ងៃ និងរារាំង​មិនឱ្យ​រើស​យកមនុស្ស​មកធ្វើ​ការ​ជំនួស​កូដករ ដោយបិទ​ច្រកមិន​ឱ្យពួក​គេចូល។ ប៉ូលិស បានវាយ​កូដករ​ដោយ​ដំបង​ ចំណែក​កូដករ​ចោល​ដុំថ្ម​ដាក់វិញ ប៉ូលិស​តបដោយ​ការបាញ់​ទៅលើ​កូដករ​វិញ បណ្ដាលឱ្យ​មានមនុស្ស​៥-៦នាក់ត្រូវ​បាត់បង់​ជីវិត។

ថ្ងៃបន្ទាប់ ទី៤ ខែឧសភា ក្បួន​បាតុកម្ម​មួយរៀបចំ​ឡើងនៅ​ទីលាន Haymarket Square ធ្វើការ​តវ៉ា​អំពី​អំពើ​ហិង្សា ដែលបង្ក​ ឡើងដោយ​ប៉ូលិស។ ប៉ូលិសបានបង្ខំ​ឱ្យ​បាតុករ​ធ្វើការ​បំបែកគ្នា រំពេច​នោះ​គ្រាប់បែក​មួយគ្រាប់​បាន​ចោល​ចូល​មក​ក៏ផ្ទុះឡើង ធ្វើឱ្យ​មន្ដ្រី​ប៉ូលិស​ម្នាក់​បានស្លាប់។ មានប៉ូលិស​ចំនួន៦០នាក់ និងជន​ស៊ីវិល​ចំនួន២០០នាក់​ត្រូវទទួល​រងរបួស​នៅក្នុង​ហេតុការណ៍​ហិង្សានោះ។ ជាសរុប​មាន​ប៉ូលិស​ ចំនួន១​នាក់បាន​ស្លាប់ភ្លាមៗ និង៧នាក់​ទៀតស្លាប់​នៅថ្ងៃ​បន្ទាប់។ ចំណែក​ជនស៊ីវិល​បានស្លាប់​ចំនួនពី​៧-៨នាក់ ថ្នាក់ដឹក​នាំសហជីព​ចំនួន៨នាក់​ ដែលក្នុង​នោះមាន​តែ៣នាក់​ប៉ុណ្ណោះ​នៅកន្លែង​កើតហេតុ ត្រូវបាន​គេចាប់​កាត់ទោស​ឱ្យជាប់​ពីបទ​ធ្វើ​មនុស្ស​ឃាត និង​កាត់ទោស​ដាក់គុក​អស់មួយ​ជីវិត​ចំនួន៣នាក់ និងប្រហារ​ជីវិតដោយ​ព្យួរក​ចំនួន៤នាក់ មានតែ​ម្នាក់ប៉ុណ្ណោះ​ដែលត្រូវ​បានចាត់​ទុកថា​ជា​ករណី​លើក​លែង។

 

ទិវាពលកម្មមានអាយុកាលជាង១០០ឆ្នាំមកហើយ តែមាន​ចម្ងល់ថា នរណា​ជាអ្នក​ស្នើដំបូង​គេនូវ​ថ្ងៃបុណ្យ​ជាតិសម្រាប់​ការឈប់​ សម្រាក​របស់​កម្មករ។ តាមកំណត់​ត្រា​ខ្លះ​សរសេរថា លោក Peter J. Mcguire អគ្គលេខាធិការ​របស់​សម្ព័ន្ធ​រួបរួម​ជាងឈើ និងជា​សហស្ថាបនិក​ សហព័ន្ធពលករ​អាមេរិកកាំង គឺជាអ្នក​ដំបូង​គេដែល​ស្នើឱ្យ​មាន​ទិវាសម្រាប់ផ្តល់នូវ​កិត្ដិយស​ដល់កម្មករ​ទាំងឡាយ​ណាដែល​មាន​សេចក្ដី​ក្លាហាន​ និងបាន​ពុះពារ​ដ៏​មហិមា​បង្ហូរ​ញើសឈាម ដើម្បី​កសាង និងរក្សា​បេះដូង​របស់​សហរដ្ឋអាមេរិក​ឱ្យបាន​ប្រសើរ។ ប៉ុន្ដែឋានៈ​របស់លោក Peter Mcguire នៅក្នុង​ប្រវត្ដិសាស្ដ្រ​ពលកម្ម​នៅមាន​ភាពស្រពេច​ស្រពិល និង​មិនទាន់​មាន​ការ​ឯកភាព​នៅ​ឡើយទេ។

មនុស្សជាច្រើនជឿថា លោក មេតធ្យូ មេហ្គៀ (Matthew Maguire) មាន​មុខងារ​ជា​យន្ដការី គឺជា​ស្ថាបនិក​នៃ​ទិវា​ពលកម្ម​នេះគឺ​មិនមែន​ជាលោក Peter Mcguire ទេ។ បើតាម​ការ​ស្រាវជ្រាវ​ថ្មីៗនេះ ហាក់​ដូចជា​បាន​គាំទ្រ​នូវការ​អះអាងថា លោក មេតធ្យូ ជា​លេខាធិការនៅ​មូលដ្ឋាន​លេខ៣៤៤របស់​សមាគម​យន្ដការី​អន្ដរជាតិ នាទីក្រុង Paterson នៃរដ្ឋ New Jersey ជាអ្នក​ស្នើឱ្យ​មានការ​ឈប់​សម្រាក​បុណ្យជាតិ​ សម្រាប់​កម្មករ​នៅឆ្នាំ១៨៨២ ក្នុងខណៈ​ដែលគាត់​កំពុង​បម្រើការ​ជាលេខាធិការ​របស់​សហជីព​ពលករ​កណ្ដាល នៅ​ទីក្រុង​ញូវយ៉ក។

 

គោលបំណងទិវាពលកម្មអន្ដរជាតិ

  • ឱ្យតម្លៃទៅលើពលកម្មរបស់មនុស្សមាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​មនុស្ស និងគ្រួសារ បង្កើត​ចំណូល​ ទៅក្នុង​សេដ្ឋកិច្ច និងការ​រីកចម្រើន​របស់​សង្គម​ជាតិ។
  • ចង់ឱ្យមានស្ដង់ដារការងារសមស្រប ដោយកាត់​បន្ថយ​ម៉ោង​ការងារ​មក​ត្រឹមតែ​៨ម៉ោង​ក្នុង១ថ្ងៃ ឬក៏​ឈប់​សម្រាក២ថ្ងៃ​ក្នុង ១សប្ដាហ៍។
  • ធ្វើការកំណត់ស្ដង់ដារប្រាក់ឈ្នួលឱ្យត្រឹមត្រូវ និងការ​ផ្ដល់ប្រាក់​ឈ្នួលដោយ​មិនមាន​ការ​រើសអើង។
  • កែលម្អ ឬលើកស្ទួយបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែង​ធ្វើការ​ឱ្យបាន​សមរម្យ និងស្អាតបាត ដើម្បីបង្ការ និងដោះស្រាយ ជាតិពុល និង​គ្រោះថ្នាក់​ការងារ​ឱ្យ​បានល្អ។

Share This